កសិដ្ឋានសូត្រអង្គរ (ស្រុកពួក)

吴哥丝绸场


កសិដ្ឋានសូត្រអង្គរ (ស្រុកពួក)


កសិដ្ឋានសូត្រអង្គរ នៅស្រុកពួក (ធ្វើដំណើរចេញពីក្រុងសៀមរាបរយៈពេល២០នាទី)​ កសិដ្ឋានសូត្រ ផ្តល់ឱ្យ​លោកអ្នក​​
បានទស្សនាស្វែងយល់ពីការដាំដើមមន​ រហូត​​​ដល់​ការ​ផលិត​ក្រណាត់សូត្រ ​និងផលិតផល​បន្ទាប់បន្សំ ធ្វើពីសូត្រ ដែលធ្វើការបង្ហាញដោយមានមគ្គុទ្ទេសក៍របស់យើង។ កសិដ្ឋានសូត្រ​មាន​ទំហំ៨ហិកតា​ដែល​ក្នុង​នោះ​​​​៥ហិកតាត្រូវបាន ប្រើសម្រាប់ដាំដើមមន លោកអ្នកនឹងរីករាយជាមួយកន្លែង​ដ៏​ស្រស់​ស្អាត​នេះ ព្រមទាំង​​បាន​​ដឹង​អំពីដំណើរការផលិត សូត្រ​ដែលមានលក្ខណៈអស្ចារ្យ។


ក្នុងកំឡុងពេលទស្សនារបស់លោកអ្នក មគ្គុទ្ទេសក៍របស់យើងនឹងរៀបរាប់ជំរាបដោយលម្អិតអំពី​ពូជ​មន ការចិញ្ចឹម​ដង្កូវនាង ការស្រាវសំបុកដង្កូវនាង ការរៀបចំសរសៃសូត្រ បច្ចេកទេសចងកៀត (ចង-ជ្រលក់ពណ៌​សរ​សៃ​សូត្រ​) និងការ​ត្បាញសូត្រ។ យើងជឿជាក់ថា លោកអ្នកនឹងជក់ចិត្តដិតអារម្មណ៍ជាមួយភាពប៉ិនប្រសប់របស់​​សិប្បករ​​រ​បស់​​យើង​​ក្នុងការធ្វើការជាមួយសរសៃ​សូត្រ​​។


កសិដ្ឋានសូត្រអង្គរ មានហាងធំមួយផងដែរ នៅទីនោះ​លោកអ្នកអាចជាវផលិតផលធ្វើ​អំ​ពី​សូត្រ​មាន​គុណ​ភាពខ្ពស់ ដែលត្រូវបានផលិតនៅក្នុងរោងសិប្បកម្មដែលលោកអ្នកទើបបានទស្សនារួច។


សិប្បករអង្គរក៏មានរថយន្តជូនលោកអ្នកទៅទស្សនាកសិដ្ឋានសូត្រអង្គរដោយ​ឥតគិតថ្លៃផងដែរ​ ចេញ​ដំណើរ​ជា​រៀង​រាល់​ថ្ងៃ​ពី​ហាង​សិប្បករ​អង្គរ​នៅសៀមរាប នៅម៉ោង ៩:៣០ ព្រឹក និង ម៉ោង ១:៣០រសៀល។ ការកក់ទុកកន្លែងជាមុន​ អាចធ្វើ​នៅហាងសិប្បករ​អង្គរ​នៅសៀមរាបដោយផ្ទាល់​ ។


ប្រសិនលោកអ្នកចង់ទៅទស្សនាកសិដ្ឋានសូត្រដោយមធ្យោបាយផ្ទាល់ខ្លួន លោកអ្នកអាចប្រាប់អ្នកបើកបររថយន្ត​ឬរ៉ឺម៉កឱ្យជូនលោកអ្នកទៅកសិដ្ឋានសូត្រដែលស្ថិតនៅក្នុងស្រុកពួក ជាទីតាំងដែលប្រជាជនខ្មែរទូទៅ​ស្គាល់​ច្បាស់​។ កសិដ្ឋានសូត្រ មានទីតាំងស្ថិតនៅក្បែរផ្លូវជាតិលេខ៦ (ឆ្ពោះទៅប៉ោយប៉ែត) នៅខាងស្តាំដៃដែល​មាន​​​ផ្ទាំង​​សញ្ញា​ធំមួយបង្ហាញប្រាប់ពីផ្លូវចូល។